បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៧ មេសា ២០១៨ កម្មករសំណង់ម្នាក់បានដាច់កស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម បន្ទាប់ពីធ្វើការធ្វេសប្រហែស សង្ស័យរអិលជើង ក្នុងបន្ទប់ទឹក ត្រូវម៉ូទ័រកាត់ការ៉ូកាត់ដាច់សសៃឈាមបំពង់កស្លាប់មួយរំពេច។ ករណីបង្ករភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅភូមិមិត្តភាព ជិតផ្សារហ៊ុយឡេង សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឌឿន ចយ អាយុ36ឆ្នាំ មានទីលំនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាកម្មករសំណង់ ផ្នែករៀបការ៉ូ ស្នាក់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹកខណៈទៅស៊ីឈ្នួលរៀបការ៉ូ ផ្ទះឲ្យឈ្មោះ រឿន ចន្ធី អាយុ53ឆ្នាំ ប្រពន្ធឈ្មោះ ផាន មុំ អាយុ46ឆ្នាំ។ ករណីខាងលើ ក្រោយពីសមត្ថកិច្ចជំនាញមកពីស្នងការដ្ឋាននគរបាលខេត្តសហការណ៍ជាមួយនគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែត រួមនឹងគ្រូពេទ្យបានរកឃើញថា ជនរងគ្រោះបានស្លាប់ដោយការភ្លាត់ស្នៀតត្រូវម៉ូទ័រកាត់ការ៉ូ កាត់ចំសសៃឈាមបំពង់កដោយខ្លួនឯង មិនពាក់ព័ន្ធនឹងករណីផ្សេង ឬមានគេធ្វើបាបឡើយ។

ក្រោយកោសលវិច្ច័យយ៉ាងល្អិតល្អន់ សត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ យកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕