ភ្នំពេញ ៖ កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ចំណុច​មុខ​យានដ្ឋាន​យីហោ ហ្គា​ល​ធិ​ច ហ្គា​រាស តាម​បណ្តោយ​ផ្លូវ​លេខ៦០៨ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2223 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ សុខ ខា អាយុប្រមាណ៣០ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ក្នុង​បុរី​ពិភពថ្មី សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច។

លុះ​រថយន្ត​នេះ ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ជ្រុល​បុក​ដើម​ឆ័​ត្រ​មួយ​ដើម​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទាត​ថយក្រោយ​ប្រមាណ​ជាង២ម៉ែត្រ បង្ក​ឲ្យ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ពីក្រោម​រថយន្ត​មក​តែម្តង។

ចំណែក​ម្ចាស់​រថយន្ត បាន​បើកទ្វារ​ចេញ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ ស្រែក​ឲ្យ​គេ​ជួយ និង​មិន​បង្ក​ឲ្យ​មាន​របួស​នោះទេ។ រថយន្ត​បង្ករបាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​អស់ហើយ ហើយ​ត្រូវ​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង រួច​ម្ចាស់​រថយន្ត​ព្រម​ឲ្យ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​ពេល​ក្រោយ៕