សៀមរាប ​៖ ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​នៅ​ព្រលាន​យន្តហោះ ខេត្ត​សៀមរាប​ជាមួយ​នឹង​គ្រឿងញៀន ជិត​២​គីឡូក្រាម​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ។

ការ​ឃាត់​ខ្លួន​ជនជាតិ​ស្ត្រី​ជនជាតិ​ថៃ​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​១០ ​និង​៤៥​នាទីថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨។ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ អមរា បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅព្រឹក​ថ្ងៃទី​៣០​ខែមីនា​នេះ​ថា ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ ធ្វើឡើង​ដោយមាន​បញ្ជា​ផ្ទាល់ ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាលជាតិ​,​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដោយ​ចូល​រួម​​​សហការ ​ជាមួយ​កម្លាំង​​​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នគរបាល​ច្រកទ្វារ​អន្តរជាតិ​ខេត្តសៀមរាប និង​គយ​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ខេត្តសៀមរាប មន្ទីរ​ប្រឆាំង​គ្រឿងញៀន សម្របសម្រួល ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប។

លោក​បន្តថា​ ជនសង្ស័យ​ឈ្មោះ NOYSIM ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជាមួយនឹង​ថ្នាំញៀន​១,៦៩២​ក្រាម​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕