ខេត្តកណ្តាល៖ ​ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកអំបិល ឃុំព្រែក អំបិល ស្រុកស្អាង ខេត្តកណ្តាល។

​មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅថ្ងៃ​កើតហេតុ​ជនរងគ្រោះឈ្មោះ សាក់ ពូន និងឈ្មោះ ហេង ឡា បានមកធ្វើផ្ទះឲ្យឈ្មោះ ហាយ ងុយ ភេទប្រុស អាយុ៥៨ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ ពេលនោះអ្នកទាំងពីរបានលើកឥដ្ឋដាក់លើរន្ទាជាច្រើនដុំ ហើយចាប់ផ្តើមរៀបជញ្ជាំង ឥដ្ឋបន្តដែលមានកំពស់៣ម៉ែត្រ ពេលកំពុងរៀបនោះ ស្រាប់តែបាក់រន្ទាមកក្រោមឥដ្ឋសង្កត់ឈ្មោះ សាក់ ពូន បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ហេង ឡា រងរបួសស្រាលដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យឯកជន។

តាមសាក្សីនៅកន្លែង កើតហេតុដែលជាម្ចាស់ផ្ទះផ្ទាល់បានបញ្ជាក់ថា ករណីនេះបណ្តាលមកពី ជន រងគ្រោះមានការធ្វេសប្រហែសទើបបណ្តាលឲ្យបាក់រន្ទាសង្កត់ស្លាប់ និងរងរបួសដោយខ្លួនឯង ពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការកត់កំណត់ហេតុ រួចសពជនរងគ្រោះបាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕