កណ្ដាល៖ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨​ ចៅក្រមស៊ីបសួរសាលាដំបូងខេត្តកណ្តាលលោកទី សំណាងបានសម្រេចឃុំខ្លួនក្រុមចោរលួចម៉ាស៊ីនផ្សាដែកបីនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន។ ដែលប្រព្រឹត្តនៅភូមិថ្មី១ សង្កាត់តាខ្មែរក្រុងតាខ្មៅ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

តាមមាត្រា៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌបទល្មើសនេះត្រូវផ្តន្ទាទោសពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់១.០០០.០០០រៀលទៅ៦.០០.០០០រៀលជនត្រូវចោទទី០១-ឈ្មោះសារិន ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ។ទី២-ឈ្មោះហ៊ា គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះហៀង ហេង ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង៣ ស្នាក់នៅផ្ទះជួលភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះឡូ ផ្លេក ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងផ្សារដែកប្រភពដដែលបានបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅផ្សាដំបូលផ្ទះឲ្យគេបន្ទាប់មកចេញទៅហូបបាយហើយទុកម៉ាស៊ីនផ្សារ២គ្រឿងនៅកន្លែងខាងលើ។

ក្រោយហូបបាយរួចក៏ត្រឡប់មកវិញក៏បាត់ម៉ាស៊ីនប៉ុស្តិ៍ផ្សាទាំង២គ្រឿងនោះតែម្តងជនរងគ្រោះបានឆែកកាម៉េរ៉ាសុវត្ថិភាពឃើញជនល្មើស២នាក់បានចូលធ្វើសកម្មភាពលួចយកដាក់រទេះអេតចាយហើយនាំគ្នាអូសចេញទៅ។

គាត់ក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅឲ្យជួយស្វែងរកបន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅបានសហការជាមួយប៉ុស្តិ៍កំពង់សំណាញ់បានស្រាវជ្រាវឃាត់ជនសង្ស័យបាន៣នាក់ខាងលើព្រមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕