ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​បងប្អូន ទោះជា​ដឹង​ហើយ​ឮ​ហើយ​លទ្ធផល​បានមកពី​ការជួញដូរ ប្រព្រឹត្ត ប្រើប្រាស់​គ្រឿងញៀន ប្រឈម​នឹង​ច្បាប់​យ៉ាងណា​នោះ នៅតែ​ព្យាយាម​បន្ត ទីបំផុត​គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ក្រោយពី​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​កា​កាប​២ ដឹកនាំ​ដោយ​លោក ភា ប្រុស នាយប៉ុស្ដិ៍​កា​កាប​២ ប្រទះឃើញ​សង្ស័យ​ឃាត់​ត្រួតពិនិត្យ មាន​លាក់​ថ្នាំញៀន​៧កញ្ចប់​(តូច៥,ធំ២) ឃាត់ខ្លួន​តែម្តង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវលំ ក្រុម​៨ ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ទី​១ ឈ្មោះ ជុំ សារ៉ាត់ ហៅ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ថ្នាំញៀន ២​ឆ្នាំ​មកហើយ ជា​ម្ចាស់​ថ្នាំញៀន ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ ។ ទី​២ ឈ្មោះ ជុំ ភារ​ម្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ទី​៣ ឈ្មោះ ជុំ សារ៉េត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា​។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​បងប្អូន នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​បន្ត​ទៅតាម​នីតិវិធី​៕